ថៃ្ងទី២៥ ខែកញ្ញា ជាថៃ្ងខួបទិវាមរណទុក្ខដ៏ធំធេងមួយរបស់ប្រជារាស្ត្រខ្មែរ ដែលបានបាត់បង់កំពូលអ្នកប្រាជ្ញមួយអង្គដ៏មានគុណបំណាច់ខ្ពស់ចំពោះ ជាតិ និងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែរយៈពេល៥ទសវត្សរ៍នៃជីវិតព្រះអង្គទេ គឺជារៀងរហូតមិនអាចបំភ្លេចបានឡើយ ។
ថៃ្ង១៤កើត ខែភទ្របទ ត្រូវនឹងថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង២០ និង២០នាទី សម្តេចព្រះសង្ឃរាជជួន ណាត បានសោយព្រះទិវង្គត ក្នុងគម្រប់ព្រះជន្ម៨៦ព្រះវស្សា នៅលើព្រះទែនសយនាដោយស្ងប់ស្ងៀម នាល្វែងធំនៅក្នុងរាជដំណាក់ព្រះអង្គនាវត្តឧណ្ណាលោម ។
សម្តេចព្រះសង្ឃរាជទ្រង់បានប្រសូតនៅថៃ្ងអង្គារ ១០រោច ខែផល្គុន ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៤២៧ ត្រូវនឹងថៃទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានាម យន់ ព្រះ បិតានាម ព្រហ្ម ជួន ។ គ្រួសារនេះមានបុត្រតែពីរនាក់ គឺអង្គសម្តេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភ័ណមន្ត្រី ជួន នុត ជាព្រះអនុជនៃសម្តេចព្រះសង្ឃរាជ ។
កាលស្ថិតក្នុងកុមារភាព សម្តេចបានចាប់ផ្តើមចូលរៀនសូត្រពីព្រះជន្ម១២ឆ្នាំ ក្នុងវត្តពោល្យំ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ លុះព្រះជន្ម១៤ឆ្នាំ ទើបព្រះអង្គបានបួសជាសាមណេរ ហើយឆ្នាំ១៨៨៩ ពោលគឺក្នុងព្រះជន្ម១៦វស្សា សម្តេចបាននិមន្តមកគង់នៅវត្តឧណ្ណាលោមដើម្បីបន្តការសិក្សា ។ ពេលសម្តេចក្លាយជាភិក្ខុ ក្នុងព.ស២៤៤៨ គ.ស១៩០៤ ព្រះអង្គទទួលព្រះនាមបញ្ញតិថា ជោតញ្ញាណោ សម្តេច ព្រះសង្ឃរាជមានសេចក្តីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លា ក្នុងការសិក្សា ទាំងផ្នែកភាសាបាលី និងភាសាឯទៀតៗ មានភាសាបារាំងជាដើម ។
ការសិក្សារបស់សម្តេចព្រះសង្ឃរាជមានជោគជ័យប្រសើរណាស់ ដែលគេបានកត់សម្គាល់ឃើញថា ក្នុងជំនាន់ជាមួយគ្នានឹងសម្តេច មានតែព្រះអង្គមួយគត់ដែលរៀនលើសអ្នកឯទៀត ។ សម្តេចព្រះសង្ឃរាជទ្រង់ចាប់រៀនវិជ្ជាណាមួយមានបាលី សំស្ក្រឹត បារាំងជាដើម គឺរៀនដោយការប្រឹងប្រែងប្រាកដប្រជា គ្មានបន្ធូរបន្ថយដៃឡើយ ។ នៅព.ស២៤៥៧ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះវិហារព្រះកែវមរកតបាន៤ ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតនាសម័យនោះ ។
ពីរឆ្នាំក្រោយមក សម្តេចទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលក្រោយមកឈ្មោះថា ពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ។ នៅព.ស២៤៦៦ និងព.ស២៤៦៧ សម្តេចបាននិមន្តទៅបំពេញវិជ្ជាខាង ភាសាសំស្ក្រឹត និងអក្សរសិលាចារិកនៅសាលាបារាំងចុងបូព៌ាប្រទេស ក្នុងសំណាក់លោក ល្វីហ្វីណូត៍ ជាចាងហ្វាងសាលានោះ ។ ព.ស២៤៨៦ សម្តេចបានទទួលការតែងតាំងជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ។ ពីរឆ្នាំក្រោយមកព្រះអង្គបានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម ។ ឆ្នាំបន្ទាប់មកទៀត សម្តេចទ្រង់បានទទួលនាទីជាអធិបតីនៃក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ ។ បីឆ្នាំក្រោយមក សម្តេចបានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ “ក” នៃគណៈកម្មការជាតិខាងការសិក្សា ។ ឆ្នាំបន្ទាប់ទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យ ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ ចាប់តាំងពីឆ្នាំ១៩៦១ រហូតដល់ថ្ងៃចូលទិវង្គត សម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរ ធ្វើជាព្រះប្រធាននៃការសម្ភាសន៍អក្សរសាស្ត្រផ្សាយតាមវិទ្យុជាតិ រៀងរាល់ថៃ្ងសុក្រ ។ គ.ស ១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាង ប្រវត្តិសាស្ត្រខ្មែរ ៘
ក្រៅពីតួនាទីធំៗ ដែលព្រះអង្គទទួលរ៉ាប់រងធ្វើជាអចិន្ត្រៃយ៍ក្នុងប្រទេស សម្តេចទ្រង់បានចាកចេញ ធ្វើសកម្មភាពក្រៅប្រទេសជាច្រើនទៀត ជាអាទិ៍និមន្តទៅប្រទេសឡាវ ទៅកម្ពុជាក្រោម ដើម្បីជួយពង្រឹងព្រះពុទ្ធសាសនានៅទីនោះ ទៅប្រទេសស្រីលង្កាដើម្បីប្រជុំសន្និសីទបង្កើតពុទ្ធិកសមាគមពិភពលោក ទៅសហភាពភូមាដើម្បីប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា ទៅប្រទេសឥណ្ឌូនេស៊ីដើម្បីបំពេញកិច្ចការព្រះពុទ្ធសាសនាជាច្រើន ។
បន្ទាប់ពីបានទទួលនូវសមណសក្តិជាបន្តបន្ទាប់ជាច្រើន តាំងពីថ្នាក់ព្រះបាឡាត់សក្យបុត្តិយ៍ ព្រះគ្រូសង្ឃសត្ថា លេខាផ្ទាល់សម្តេចសង្ឃរាជទៀត, នៅគ.ស១៩៣១ សម្តេចបានឡើងសមណសក្តិ ជាព្រះសាសនសោភ័ណ ដែលជារាជាគណៈកិត្តិយស ។ ព្រះអង្គបានទទួលព្រះឋានន្តរសក្តិកាន់តែខ្ពស់ឡើងរហូត ដល់គ.ស១៩៤៨ បានទទួលសមណសក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតីសង្ឃនាយក គណៈមហានិកាយ ។ ឆ្នាំ១៩៥៤ រដ្ឋាភិបាលសហភាពភូមា បានប្រគេនព្រះឋានៈជាព្រះអគ្គមហាបណ្ឌិតសហភាពភូមា ក្រោយមកឆ្នាំ១៩៥៧ ភូមាដដែលសូមដំឡើងឋានៈមួយកម្រិតទៀត ជាព្រះអភិធជមហារដ្ឋគរុនៃសហភាពភូមា ដែលជាសមណសក្តិខ្ពស់បំផុត មានតែមួយអង្គក្នុងសហភាពភូមា ។ នៅមានការថ្វាយព្រះឋានៈព្រះអង្គជាច្រើនទៀតពីសំណាក់សមាគមក្នុងនិង ក្រៅប្រទេស ប៉ុន្តែឋានៈដ៏ខ្ពង់ខ្ពស់ពីរទៀតមិនអាចបំភ្លេចបាន គឺព្រះអង្គទ្រង់បានទទួលនូវព្រះឋានៈជាសម្តេចព្រះសង្ឃរាជថ្នាក់ទី១ និងជាបណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈអំពីសម្តេចព្រះប្រមុខរដ្ឋ ។
ក្រៅពីឋានន្តរសក្តិដ៏ខ្ពស់ៗ ព្រះអង្គក៏បានទទួលមេដាយខ្ពស់ៗ រហូតដល់ផុតលេខចំនួន១០មេដាយ ពីប្រទេសជាតិ និងបរទេស ។ ជាមួយនឹងព្រះរាជកិច្ចធំៗបម្រើឱ្យព្រះពុទ្ធសាសនាក្នុងពិភពលោក និងបម្រើឱ្យជាតិខ្មែរទាំងមូល សម្តេចនៅបានបំពេញកិច្ចការជាផលប្រយោជន៍សាធារណៈដោយចំពោះចំនួន៣២មុខ ទៀត ។
ចំពោះស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គខាងអក្សរសាស្ត្រ គឺព្រះអង្គបានកសាងគម្ពីរដីកាជាច្រើន ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅសម័យថ្មីដែលមានជាអាទិ៍ៈ វចនានុក្រមខ្មែរមាន២ភាគ វេយ្យាករណ៍បាលី គិហិបដិបត្តិ សាមណេរវិន័យ បាតិមោក្ខសម្រាយ កាព្យលោកធម៌ នាគោបមាទិកថា សុភមង្គលគាថា បាលី៧គាថា បព្វជ្ជាខន្ធកៈសង្ខេប ៘
នៅមានព្រះកេរ្តិ៍មួយដ៏សំខាន់ណាស់ ដែលយើងកំពុងស្តាប់ឮរាល់ថៃ្ង គឺបទគោរពទង់ជាតិខ្មែរឈ្មោះ បទ “នគររាជ” ដែលជាព្រះរាជនិពន្ធដោយផ្ទាល់របស់ព្រះអង្គ ។
នៅក្នុងព្រះរាជប្រវត្តិជីវិតរបស់ព្រះអង្គ មានប្រវត្តិបដិវត្តន៍ដ៏អស្ចារ្យមួយរបស់ព្រះអង្គ ដែលគេមិនអាចបំភ្លេចបាន ។ ច្រើនជំនាន់មកតាំងពីប្រទេសកម្ពុជាត្រូវខ្មាំងឈ្លានពានពី គ្រប់ទិសទី ព្រះពុទ្ធសាសនាក៏ចុះឱនថយគ្មានរបៀបរបបត្រឹមត្រូវ ។ ក្នុងពេលព្រះអង្គមានព្រះជន្មប្រមាណ៣០ព្រះវស្សាសម័យនោះ បន្ទាប់ពីសម្តេចព្រះមហាសង្ឃរាជព្រះនាមទៀងចូលទិវង្គតទៅ ព្រះពុទ្ធសាសនាខ្មែរពេលនោះហាក់គ្មានអ្នកដឹកនាំដ៏មានសមត្ថភាពទៀត ទេ ។ ព្រះធម្មលិខិតសង្ឃនាយកព្រះនាម កែ អ៊ុក ដែលទើបតែងតាំងថ្មីជាអ្នកអភិរក្សនិយមខុសទំនង ។ ដើម្បីកែប្រែព្រះពុទ្ធសាសនា ដែលល្អៀងឃ្លាតពីមាគ៌ាដើមនៃព្រះពុទ្ធសាសនា ព្រះគ្រូ៣រូបមាន ព្រះគ្រូវិមលបញ្ញោព្រះនាម អ៊ុំ ស៊ូ, ព្រះគ្រូសង្ឃសត្ថាព្រះនាម ជួន ណាត, ព្រះគ្រូសង្ឃវិជ្ជា ហួត តាត បានពុះពារគ្រប់ឧបសគ្គ ដែលបង្កឡើងដោយគណៈសង្ឃអភិរក្សនិយមទាំងនោះ ដើម្បីកសាងពង្រឹងព្រះពុទ្ធសាសនាឱ្យឯកភាព សាមគ្គីភាព និងរុងរឿងថ្លៃថ្នូរក្រៃលែង ៕