Saturday, August 7, 2010

ជីវប្រវត្តិរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត

​ថៃ្ង​ទី​២៥ ​ខែ​កញ្ញា ​ជា​ថៃ្ង​ខួប​ទិវា​មរណទុក្ខ​ដ៏​ធំធេង​មួយ​របស់ប្រជារាស្ត្រ​ខ្មែរ ដែល​បាន​បាត់បង់​កំពូល​អ្នកប្រាជ្ញ​មួយអង្គ​ដ៏​មាន​គុណបំណាច់​ខ្ពស់​ចំពោះ​ ជាតិ និង​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ មិនត្រឹម​តែ​រយៈពេល​៥​ទសវត្សរ៍​នៃ​ជីវិត​ព្រះអង្គ​ទេ គឺ​ជា​រៀងរហូត​មិនអាច​បំភ្លេច​បាន​ឡើយ ។

    ​ថៃ្ង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថៃ្ង​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០​ និង​២០​នាទី សម្តេចព្រះសង្ឃរាជជួន ណាត បាន​សោយ​ព្រះ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះវស្សា នៅលើ​ព្រះ​ទែនសយនា​ដោយ​ស្ងប់ស្ងៀម នា​ល្វែង​ធំ​នៅក្នុង​រាជដំណាក់​ព្រះអង្គ​នា​វត្ត​ឧណ្ណា​លោម ។​

    ​សម្តេចព្រះសង្ឃរាជ​ទ្រង់​បានប្រសូត​នៅ​ថៃ្ង​អង្គារ ១០​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ពុទ្ធ​សករាជ ២៤២៧ ត្រូវ​នឹង​ថៃទី​១១ ​ខែ​មីនា​ ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ព្រះ​ជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នាម យន់ ព្រះ បិតា​នាម ព្រហ្ម ជួន ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់ គឺ​អង្គ​សម្តេចព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភ័ណ​មន្ត្រី ជួន នុត ជា​ព្រះអនុជ​នៃ​សម្តេចព្រះសង្ឃរាជ ។​

     ​កាល​ស្ថិតក្នុង​កុមារភាព សម្តេច​បាន​ចាប់ផ្តើម​ចូល​រៀនសូត្រ​ពី​ព្រះជន្ម​១២​ឆ្នាំ ក្នុង​វត្ត​ពោ​ល្យំ ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ លុះ​ព្រះជន្ម​១៤​ឆ្នាំ ទើប​ព្រះអង្គ​បាន​បួស​ជា​សាមណេរ ហើយ​ឆ្នាំ​១៨៨៩ ពោល​គឺ​ក្នុង​ព្រះជន្ម​១៦​វស្សា សម្តេច​បាន​និមន្ត​មក​គង់នៅ​វត្ត​ឧណ្ណាលោម​ដើម្បី​បន្ត​ការសិក្សា ។ ពេល​សម្តេច​ក្លាយជា​ភិក្ខុ ក្នុង​ព​.​ស​២៤៤៨ គ​.​ស​១៩០៤ ព្រះអង្គ​ទទួល​ព្រះនាម​បញ្ញតិ​ថា ជោត​ញ្ញា​ណោ សម្តេច ព្រះសង្ឃរាជ​មាន​សេចក្តី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ ក្នុងការសិក្សា ទាំង​ផ្នែក​ភាសាបាលី និង​ភាសា​ឯទៀតៗ មាន​ភាសា​បារាំង​ជាដើម ។

     ​ការសិក្សា​របស់​សម្តេច​ព្រះសង្ឃរាជ​មាន​ជោគជ័យ​ប្រសើរ​ណាស់ ដែល​គេ​បានកត់សម្គាល់​ឃើញ​ថា ក្នុង​ជំនាន់​ជាមួយគ្នា​នឹង​សម្តេច មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​រៀន​លើស​អ្នក​ឯទៀត ។ សម្តេចព្រះសង្ឃរាជ​ទ្រង់​ចាប់​រៀន​វិជ្ជា​ណាមួយ​មាន​បាលី សំស្ក្រឹត បារាំង​ជាដើម គឺ​រៀនដោយ​ការប្រឹងប្រែង​ប្រាកដប្រជា គ្មាន​បន្ធូរបន្ថយ​ដៃ​ឡើយ ។ នៅ​ព​.​ស​២៤៥៧ សម្តេច​ទ្រង់​បាន​ចូល​ប្រឡងដេញប្រយោគ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​បាន​៤​ ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​នា​សម័យ​នោះ ។

    ​ពីរ​ឆ្នាំ​ក្រោយមក សម្តេច​ទទួល​ការតែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់ ដែល​ក្រោយមក​ឈ្មោះថា ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រិត ។ នៅ​ព​.​ស​២៤៦៦ និង​ព​.​ស​២៤៦៧ សម្តេច​បាន​និមន្ត​ទៅ​បំពេញវិជ្ជា​ខាង ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារិក​នៅ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ក្នុង​សំណាក់​លោក ល្វី​ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​នោះ ។ ព​.​ស​២៤៨៦ សម្តេច​បាន​ទទួល​ការតែងតាំង​ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ ក្រុងភ្នំពេញ ។ ​ពីរ​ឆ្នាំ​ក្រោយមក​ព្រះអង្គ​បាន​ទទួល​តំណែង​ជា​ចៅអធិការ​វត្ត​ឧណ្ណា​លោម ។ ឆ្នាំ​បន្ទាប់មកទៀត សម្តេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ ។ បី​ឆ្នាំ​ក្រោយមក សម្តេច​បាន​ទទួល​នាទីជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ “​ក​” នៃ​គណៈកម្មការ​ជាតិ​ខាង​ការសិក្សា ។ ឆ្នាំ​បន្ទាប់​ទ្រង់​បានទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ​ក្នុង​ព្រះរាជាណាចក្រ ចាប់តាំងពី​ឆ្នាំ​១៩៦១ ​រហូត​ដល់​ថ្ងៃ​ចូល​ទិវង្គត សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ព្រះប្រធាន​នៃ​ការសម្ភាសន៍​អក្សរសាស្ត្រ​ផ្សាយ​តាម​វិទ្យុជាតិ​ រៀងរាល់ថៃ្ង​សុក្រ ។ គ​.​ស ១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ ប្រវត្តិសាស្ត្រ​ខ្មែរ ៘​

    ​ក្រៅពី​តួនាទី​ធំៗ ដែល​ព្រះអង្គ​ទទួល​រ៉ាប់រង​ធ្វើជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស សម្តេច​ទ្រង់​បាន​ចាកចេញ ធ្វើ​សកម្មភាព​ក្រៅប្រទេស​ជា​ច្រើន​ទៀត ជាអាទិ៍​និមន្ត​ទៅ​ប្រទេស​ឡាវ ទៅ​កម្ពុជា​ក្រោម ដើម្បី​ជួយ​ពង្រឹង​ព្រះពុទ្ធសាសនា​នៅ​ទីនោះ ទៅ​ប្រទេស​ស្រីលង្កា​ដើម្បី​ប្រជុំ​សន្និសីទ​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ទៅ​សហភាព​ភូមា​ដើម្បី​ប្រឹក្សា​សម្រេច​រឿង​ឆ​ដ្ឋ​សង្គាយ​នា ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​បំពេញ​កិច្ចការ​ព្រះពុទ្ធសាសនា​ជា​ច្រើន​ ។​

     ​បន្ទាប់ពី​បាន​ទទួល​នូវ​សមណសក្តិ​ជា​បន្តបន្ទាប់​ជា​ច្រើន តាំងពី​ថ្នាក់​ព្រះ​បាឡាត់​សក្យបុត្តិយ៍ ព្រះគ្រូ​សង្ឃ​សត្ថា លេខា​ផ្ទាល់​សម្តេច​សង្ឃរាជ​ទៀត​, នៅ​គ​.​ស​១៩៣១ សម្តេច​បាន​ឡើង​សមណ​សក្តិ ជា​ព្រះ​សាសន​សោភ័ណ ដែល​ជា​រាជាគណៈ​កិត្តិយស ​។ ​ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានន្តរសក្តិ​កាន់តែ​ខ្ពស់​ឡើង​រហូត ដល់គ​.​ស​១៩៤៨ បាន​ទទួល​សមណសក្តិ​ខ្ពស់​បំផុត​ជា​ព្រះ​មហាសុមេធាធិបតី​សង្ឃនាយក​ គណៈមហានិកាយ ​។ ឆ្នាំ​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា បាន​ប្រគេន​ព្រះ​ឋានៈ​ជា​ព្រះ​អគ្គមហាបណ្ឌិត​សហភាព​ភូមា ក្រោយមក​ឆ្នាំ​១៩៥៧ ភូមា​ដដែល​សូម​ដំឡើង​ឋានៈ​មួយកម្រិត​ទៀត ជា​ព្រះ​អភិ​ធ​ជ​មហារដ្ឋ​គរុ​នៃ​សហភាព​ភូមា ដែល​ជា​សមណសក្តិ​ខ្ពស់បំផុត​ មានតែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា ។ នៅ​មាន​ការថ្វាយ​ព្រះ​ឋានៈព្រះអង្គ​ជា​ច្រើនទៀត​ពី​សំណាក់​សមាគម​ក្នុង​និង​ ក្រៅប្រទេស ប៉ុន្តែ​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ពីរ​ទៀត​មិនអាច​បំភ្លេច​បាន គឺ​ព្រះអង្គ​ទ្រង់បាន​ទទួល​នូវ​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ និង​ជា​បណ្ឌិត​អក្សរសាស្ត្រ​ពេញលក្ខណៈ​អំពី​សម្តេច​ព្រះ​ប្រមុខរដ្ឋ ។​

     ​ក្រៅពី​ឋានន្តរសក្តិ​ដ៏​ខ្ពស់ៗ ព្រះអង្គ​ក៏​បាន​ទទួល​មេដាយ​ខ្ពស់ៗ រហូត​ដល់​ផុត​លេខ​ចំនួន​១០​មេដាយ ពីប្រទេសជាតិ និង​បរទេស ។​​ ជាមួយនឹង​ព្រះរាជកិច្ច​ធំៗបម្រើ​ឱ្យ​ព្រះពុទ្ធសាសនា​ក្នុង​ពិភពលោក និង​បម្រើ​ឱ្យ​ជាតិខ្មែរ​ទាំងមូល សម្តេច​នៅ​បាន​បំពេញ​កិច្ចការជា​ផលប្រយោជន៍​សាធារណៈ​ដោយ​ចំពោះ​ចំនួន​៣២​មុខ ​ទៀត ។​

    ​ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​សំខាន់ៗ​របស់​ព្រះអង្គ​ខាង​អក្សរសាស្ត្រ គឺ​ព្រះអង្គ​បាន​កសាង​គម្ពីរ​ដីកា​ជាច្រើន ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​សម័យ​ថ្មី​ដែល​មាន​ជាអាទិ៍ៈ វចនានុក្រម​ខ្មែរ​មាន​២​ភាគ វេយ្យាករណ៍​បាលី គិ​ហិប​ដិ​ប​ត្តិ សាមណេរ​វិន័យ បាតិមោក្ខ​សម្រាយ កាព្យ​លោកធម៌ នា​គោ​ប​មាទិកថា សុភមង្គល​គាថា បាលី​៧​គា​ថា បព្វជ្ជា​ខ​ន្ធ​កៈ​សង្ខេប ៘​

    ​នៅ​មាន​ព្រះ​កេរ្តិ៍​មួយ​ដ៏​សំខាន់​ណាស់ ដែល​យើង​កំពុង​ស្តាប់​ឮ​រាល់​ថៃ្ង គឺ​បទ​គោរព​ទង់ជាតិ​ខ្មែរ​ឈ្មោះ បទ “​នគរ​រាជ​” ដែល​ជា​ព្រះ​រាជនិពន្ធ​ដោយ​ផ្ទាល់​របស់​ព្រះអង្គ ។​
    ​នៅ​ក្នុង​ព្រះ​រាជប្រវត្តិ​ជីវិត​របស់​ព្រះអង្គ មាន​ប្រវត្តិ​បដិវត្តន៍​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះអង្គ ដែល​គេ​មិនអាច​បំភ្លេច​បាន ។ ច្រើន​ជំនាន់​មក​តាំងពី​ប្រទេស​កម្ពុជា​ត្រូវ​ខ្មាំង​ឈ្លានពាន​ពី​ គ្រប់ទិសទី ព្រះពុទ្ធ​សាសនា​ក៏​ចុះ​ឱនថយ​គ្មាន​របៀបរបប​ត្រឹមត្រូវ ។ ក្នុង​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​ប្រមាណ​៣០​ព្រះវស្សា​សម័យ​នោះ  បន្ទាប់ពី​សម្តេច​ព្រះ​មហា​សង្ឃរាជ​ព្រះនាម​ទៀង​ចូល​ទិវង្គត​ទៅ ព្រះពុទ្ធសាសនា​ខ្មែរ​ពេល​នោះ​ហាក់​គ្មាន​អ្នក​ដឹកនាំ​ដ៏​មាន​សមត្ថភាព​ទៀត​ ទេ ។ ព្រះ​ធម្មលិខិត​សង្ឃនាយក​ព្រះនាម កែ អ៊ុក ដែល​ទើប​តែងតាំង​ថ្មី​ជា​អ្នក​អភិរក្សនិយម​ខុស​ទំនង ។ ដើម្បី​កែប្រែ​ព្រះពុទ្ធសាសនា ដែល​ល្អៀង​ឃ្លាត​ពី​មាគ៌ា​ដើមនៃ​ព្រះពុទ្ធសាសនា ព្រះគ្រូ​៣​រូប​មាន​ ព្រះគ្រូ​វិម​ល​បញ្ញោ​ព្រះនាម អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​សត្ថា​ព្រះនាម ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត បាន​ពុះពារ​គ្រប់​ឧបសគ្គ ដែល​បង្កឡើង​ដោយ​គណៈសង្ឃ​អភិរក្សនិយម​ទាំងនោះ ដើម្បី​កសាង​ពង្រឹង​ព្រះពុទ្ធសាសនា​ឱ្យ​ឯកភាព សាមគ្គីភាព និង​រុងរឿង​ថ្លៃថ្នូរ​ក្រៃលែង ​៕

ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ ពិសេស​អាច​ការពារ​ការ​កើត​ទឹកនោមផ្អែម

ផ្លែ​ល្ពៅ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មានប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់​ មនុស្ស​។ ខាងក្រោម​នេះ ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ដែល ល្ពៅ​ផ្ដល់​សារធាតុ​យ៉ាង​សំខាន់​ដល់​សុខភាព​ដូចជា ៖
-​ល្ពៅ​មាន​រសជាតិ​ ផ្អែម ៖ ជា​ប្រភេទ​បន្លែ ម្យ៉ាង​មាន​សារធាតុ​បេ​តា​ឃែ​រ៉ូ​ទី​ន​ខ្ពស់ បង្ការ​ការ កើត​ជំងឺមហារីក ជា​ពិសេស​មហារីក​បោ្លកនោម ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់ ការពារ​ជំងឺ សើ​ស្បែក និង​បន្ថយ​អាការ​ឈឺ​ចុក​រោយ​នៅ ក្បាលជង្គង់ និង​ចង្កេះ ព្រមទាំង​មាន​ប្រយោជន៍ ដល់​ការ​ការពារ​អាការ​ជំងឺ​ស្វិតដៃជើង​បាន ទៀត​។
-​ល្ពៅ​អាច​ការពារ​ជំងឺ​ទឹកនោមផ្អែម ៖ ក្រៅ ពី​នេះ​ល្ពៅ​ក៏​អាច​ការពារ​ជំងឺលើសឈាម ជួយ ទ្រទ្រង់​ដល់​ថ្លើម និង​ភ្នែក​ផង​ដែរ ។
- ​ល្ពៅ​ជា​បន្លែ​ដែល​មាន​សារធាតុ​សរសៃ ខ្ពស់ ៖ លើស​ពី​នេះ​ទៀត​វា​ជា​ប្រភេទ​អាហារ ផ្ដល់​ថាមពល​ក្នុង​ខ្លួនប្រាណ​មាន​កំរិត​ទាប ជាតិ ខ្លាញ់​តិច សម​ស្រប​ទៅ​នឹង​អ្នក​ដែល​ត្រូវការ គ្រប់គ្រង​ទំងន់ ។ សារធាតុ​កាបូន​អ៊ី​ដ្រា​ត នៅ ក្នុង​ល្ពៅ​ជួយ​បំបាត់​ដំបៅ​នៅ​ក្នុង​ក្រពះ និង​ពោះ វៀន ។
-​ល្ពៅ​នឹង​ជួយ​កំចាត់​កំហាក​ស្លេស្ម ៖ ជា​បន្លែ ម្យ៉ាង​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ ជួយ​បំបាត់​ស្លេស្ម​ក្នុង​បំពង់ក និង​ជួយ​ដល់​សួត បន្ថយ​អាការ​នៃ​ជំងឺហឺត ដែល​កើត​ពី​អាការ រលាក​បំពង់ខ្យល់​ដកដង្ហើម​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ដែល​មាន​វ័យ​ចំណាស់ ជួយ​ទំនុកបំរុង​លើក​ស្ទួយ
កំលាំង សម​ស្រប​ទៅ​លើ​អ្នក​ដែល​មាន​សួត និង តម្រងនោម​ចុះ​ខ្សោយ ។
-​គ្រាប់​ល្ពៅ ៖ មានគុណ​ប្រយោជន៍​ក្នុង​ការ ការពារ និង​កាត់​បន្ថយ​ឱកាស​នៃ​កើត​ក្រួស​ក្នុង តម្រងនោម និង​មាន​ប្រសិទ្ធភាព​ជា​ប្រភេទ
ថ្នាំ​បញ្ចុះ​ព្រូន ឬ​តេន​ញ៉ា ។
-​ប្រេង​ល្ពៅ ៖ ប្រេង​ដែល​ចំរាញ់​ចេញពី គ្រាប់​មាន​រសជាតិ​ផ្អែម អាចយ​កមក​ទទួល ទាន​ជួយ​ទំនុកបំរុង​លើ​សរសៃប្រសាទ ៕